ប្រវត្តិខេត្តស្វាយរៀង

 ផ្នែកទី១

អំពីសាវតារខេត្ត

១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត

ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាង​លិច និងខាងជើង​​​ទល់​នឹង​​ខេត្តព្រៃវែង ខាងកើត និង​ខាងត្បូងទល់នឹងខេត្តតៃនីញ​និ​ងខេត្ដឡុងអាន ប្រទេស​វៀតណាម ប្រមាណ ២៥៨ គ.ម ។ ប្រជាជនបច្ចុប្បន្នមាន ជាង៦០​ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០ គ.ម​ ។ ប្រជាជនភាគច្រើន នៃខេត្ដនេះ មានមុខរបរដាំដំណាំស្រូវ ប្រជាជនជាទូទៅមាន សម្បុរសណ្ដែកបាយ ប្រើប្រាស់​ភាសាខ្មែរ និងតាមតំបន់ព្រំដែនប្រើប្រាស់ភាសាកំឡាយខ្លះជាមួយភាសា វៀតណាម ។ ទម្លាប់នៃការប្រើប្រាស់ភាសាបញ្ជាក់ទម្ងន់ឃ្លា គេច្រើននិយាយ «មែនតើ មែនក៏អី អត់តេ ឬតេ….» ។ នេះជាពាក្យគ្រាម​ភាសា និយាយចំតួអក្សរ ច្បាស់ៗ កំបុតៗ ដែលអ្នកខេត្ដដទៃ ច្រើនលើកទៅនិយាយលេងសើច ឬ​ចំអក ដល់អ្នកខេត្ដស្វាយរៀង ។ ការបរិភោគប្រចាំថ្ងៃ អ្នកក្រៅខេត្ដតែងនិយម ហៅប្រជាជនខេត្ដស្វាយរៀង ជាម្ចាស់នៃញាំភ្លា ផ្កាស្ដៅ ឬសម្លកកូរកណ្ដៀង រហូតមានភូមិមួយ អ្នកស្រុកហៅថា ភូមិកណ្ដៀងរាយ ។ ឥរិយាបទប្រជាជន និយម ចូលចិត្ដរាប់អានញាតិមិត្ដ ស្មោះត្រង់ មានចរិតក្លាហាន​និងគោរពព្រះពុទ្ធសាសនាជា​ធំ ហេតុនេះហើយ ទើបតាមឃុំមួយចំនួន គេឃើញមានការកសាងវត្ដអារាម ដោយឃុំខ្លះមាន ២ ឬ ៣​វត្ដអារាម ។ ផ្អែកតាម ទំនៀមទំលាប់ប្រពៃណីវិញ ប្រជាជនខេត្ដនេះ មានការគោរពទំនៀមទំលាប់ប្រពៃណីតឹងតែង​ក្នុងពិធីបុណ្យផ្សេងៗ ពិធីមង្គលការកូន ឬបុណ្យឡើងអ្នកតា បុណ្យទានតាមផ្ទះ បុណ្យបូជាសពជាដើម​ ។ ផ្ទៃដីនិងសណ្ឋានដីនៃខេត្តនេះ ជាតំបន់វាលរាប និងមានបឹងបួរដោយកន្លែង ដីពុំសូវមានជីវជាតិ ដែល    ជាហេតុនាំឱ្យ​ដំណាំមួយចំនួនពុំអាចផ្ដល់ផ្លែផ្កា ឬផលានុផលតាមការចង់បានដូចដីនៅតំបន់មាត់ទន្លេមេគង្គ ឬតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ខ្ពង់រាបដីក្រហម ឡើយ ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនខ្លះបានសាកល្បងដាំដំណាំកសិ-ឧស្សាហកម្ម ដូចជា កៅស៊ូ អំពៅ ដំឡូងមី នៅស្រុករមាសហែក រំដួល និងស្វាយទាប ។ នៅបណ្ដាស្រុកខ្លះ និងឃុំមួយចំនួន ប្រជាពលរដ្ឋមានការលំបាកដោយខ្វះទឹក     ដូចជា ឃុំទួលស្ដី និងឃុំចន្ទ្រា ទឹកក្នុងដីមានរសជាតិជូរ និងប្រៃ ហើយកន្លែងខ្លះខ្វះប្រភពទឹកជាដើម ដែលជាហេតុធ្វើឱ្យការរស់នៅតំបន់នោះជួបការលំបាក ។ ស្ថានភាព​​ភូមិសាស្រ្តក្នុងផែនទីរបស់ខេត្ត មាន​រាងជាជំពុះទា ដែលមានខ្សែព្រំដែនលយចេញ និងចូល ទៅតាមសណ្ឋានដីដែលបារាំងបានគូសវាស់ និងបន្សល់ទុក ។ បច្ចុប្បន្ន ដោយមានការវិនិយោគពីអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ​ជាពិសេស​ក្នុងវិស័យ​វាយនភណ្ឌ តាមរយៈរោងចក្រកាត់ដេរ បានផ្ដល់ការងារជូនប្រជាជន និងចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងខេត្ត ឱ្យមានភាពប្រសើរឡើងជាលំដាប់ ។

២. អំពីទន្លេវ៉ៃគោ

ទីរួមខេត្ដស្វាយរៀង​ ភាគខាងកើត និងខាងត្បូងហ៊ុំព័ទ្ធដោយទន្លេវ៉ៃគោ ដែលឈ្មោះទន្លេវ៉ៃគោនេះ ជាទម្លាប់ហៅរបស់អ្នកស្រុក ក្នុងអំឡុង ស.វទី១២-១៣ ស្របពេលជាមួយនឹងការកើតខេត្ត​រោងដំរី ([1]) ។

ទន្លេនេះ  មានជម្រៅជ្រៅ  អាចផ្ទុកទឹកជាច្រើនលានម៉ែត្រគូបបម្រើវិស័យកសិកម្ម និងផ្ដល់ពូជត្រីគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាជនខេត្ដស្វាយរៀង មួយភាគ ។  ពាក់ព័ន្ធនឹងទន្លេនេះ តាមសាវតារ​​បញ្ជាក់ថា ដើមឡើយ​ទន្លេនេះកើតឡើងពីធម្មជាតិ និងមានជម្រៅល្មមអាចសំពៅ និងទូកនានា​អាចធ្វើដំណើរបាន ។ សម័យដើម ពុំមានផ្លូវថ្នល់ ឬស្ពានឆ្លងកាត់ទន្លេនេះ ទើបអ្នកជំនួញ ឬ     អ្នកដំណើរ​​​តែងតែប្រើប្រាស់ផ្លូវទឹកទន្លេនេះ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់ និងមានដៃទន្លេភ្ជាប់ទៅភាគ     ខាងក្រោម​​​​នៃប្រទេសផងដែរ ។ ការធ្វើចរាចរណ៍ដោយសំពៅនេះហើយ ទើបបន្សល់នូវទួលបូរាណមួយចំនួន ដែលមាន​​ឈ្មោះថា ទួលសំពៅ ឬទួលកប់សំពៅ ដូចជានៅរមណីយដ្ឋានព្រៃប្រាសាក់ជាដើម ។ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេតែង​ធ្វើជំនួញជួញដូរជាមួយជនជាតិចិន អណ្ណាម ដោយ​ផ្អែក​លើផ្លូវទឹក ពិសេសទន្លេនេះមានលក្ខណៈអំណោយផលដល់ទូក សំពៅ តូចធំ អាចចេញ-ចូល​បាន​ក្នុងការដោះដូរទំនិញផ្សេងៗ ។ ឈ្មួញ​ និងអ្នកស្រុក តែងតែ «វ៉ៃគោ» ឱ្យឡើងទូក ឬសំពៅ ឬដើម្បីចម្លងទៅត្រើយម្ខាងនៃទន្លេ ហើយ​ក៏​មាន​​​​ទម្លាប់ហៅថា «ទន្លេវ៉ៃគោ» តរៀងមក ហើយពាក្យ «វ៉ៃ» នេះ ក្លាយមកពីពាក្យ «វាយ» ដែលមានន័យដូចគ្នា (ឯកសារ.បណ្ឌិត សារិន ឆាក) ។ អំឡុងឆ្នាំ ១៨៧០ លោក Bertaux([2]) ប្រធានឋានលេខាគណិតសុរិយាដី រួមនិងលោក Du Cos([3]) បានគូសផែនទីក្នុងពេលធ្វើអាណានិគម ដោយ​បានធ្វើការបែងចែកទន្លេនេះជាពីរផ្នែក គឺទន្លេវ៉ែគោ​ខាងកើត(ទន្លេវ៉ៃគោ​ធំ) ស្ថិតក្នុងទឹកដីកូស៊ាំងស៊ីន និងទន្លេវ៉ៃគោខាងលិច (ទន្លេវ៉ៃគោតូច) ស្ថិតក្នុងទឹកដីកម្ពុជា ។ ទន្លេវ៉ៃគោខាងលិច មានប្រភពនៅបាភ្នំ ហូរចុះទៅដីទំនាប ទៅតំបន់ក្រាំងស្លាឦសានបាភ្នំ ហូរតម្រង់ចូលបឹងមេសាង រួចហូរកាត់វាលទំនាបជីផុច ទើបហូរចូលខេត្ដស្វាយរៀង ពីកំពង់របោះព្រីង ទៅដល់ឃុំបាយ៉ាប ឆ្លងទៅវៀតណាម ។ រីឯទន្លេវ៉ៃគោខាងកើត មានប្រភពពីទន្លេតូចខេត្ដកំពង់ចាម ។ ពេលទឹកឡើង បានហូរបែកជាពីរ ដោយមួយផ្នែកហូរកាត់តំបន់ទំនាបកំចាយមារ និងមួយផ្នែកទៀតហូរកាត់ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង រួចមកប្រសព្វគ្នានៅអណ្ដូងត្របែក ទើបមករួមគ្នានៅឃុំក្រសាំង ហូរធ្លាក់មកកំពង់ត្រាច ត្រស់ ពាមមេត្រី   បាតត្រាស់ ហូរចូលទន្លេក្រាច់យ៉ូវ ប្រទេសវៀតណាម (ហៅថាទន្លេធំ) ។

ចំពោះស្ថានភាពបច្ចុប្បន្ន ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ហុក ឡងឌី ក្នុងព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានជំរុញឱ្យថ្នាក់ដឹកនាំខេត្ដ រៀបចំពិធីប្រណាំងទូក នៅទន្លេវ៉ៃគោនេះ ចាប់ពីឆ្នាំ២០០៨ ។ ថ្វីបើពុំទាន់មានការអភិវឌ្ឍទន្លេនេះ​ឲ្យបានល្អប្រសើរសម្រាប់អ្នកទេសចរ ប៉ុន្ដែក្រសែភ្នែកអ្នកទេសចរ ដែលឆ្លងកាត់ខេត្ដ តែងតែសរសើរគ្រប់គ្នាថា ផ្ទៃទឹកទន្លេវ៉ៃគោ ពិតជាល្អប្រសើរណាស់ និងមានសម្រស់ពីធម្មជាតិគួរឲ្យគយគន់ មិនចង់ឃ្លាតឆ្ងាយឡើយ ។ ក្នុងឆ្នាំ២០០៩ សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញមកជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីលែងពូជមច្ឆាជាច្រើន ដែល​បច្ចុប្បន្ន ទន្លេវ៉ៃគោនេះ សំបូរត្រីធម្មជាតិគ្រប់ប្រភេទ ។

៣.សាវតារទាក់ទងនឹងស្វាយរៀង

៣.១ ប្រវត្ដិស្វាយអង្គ

រឿងព្រេងដែលមានទាក់ទងដោយនាម “ស្វាយអង្គ” មានដូចតទៅ ៖ មានសេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” ជាអ្នកខ្លាំងពូកែអង់អាចណាស់ និងមានផ្ទះនៅលើទីទួលនេះ ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្រ្ដគ្រប់ខេត្ដ ខណ្ឌ បើនរណាខ្លាំងពូកែអង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បី​បង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ នៅតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប ។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនោះ ។ គាត់បាន  ប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរ​ឆ្ពោះទៅកាន់រាជធានីលង្វែក ដោយថ្មើរជើង ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធ ជាមេទ័ពធំ ឱ្យលើកព្យុយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់ ។ ដោយឬទ្ធីតេជៈរបស់បុរសសំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរ​តទៅទៀត ស្រុកក៏បានសាន្ដត្រាណ ។ បុរសសំរិទ្ធ ក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ ។ បុរសសំរិទ្ធ បានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្រុកវិញ មកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះ១យប់ ទើបធ្វើដំណើរ​តទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល ។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វេចនេះ ឃើញមានតែសំពត់១ និងផ្លែស្វាយទុំពីរ បី ប៉ុណ្ណោះ ។ គាត់ដឹងថា បង្វេចនេះច្រឡំ ក្នុងពេលដែលគាត់ត្រឡប់មកពីច្បាំងហើយឈប់សម្រាកនៅអង្គរ ព្រោះពេលនោះមានការច្រឡូកច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ ។ បុរសសំរិទ្ធ ក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ដ ។ កាលដែលបានទៅដល់ហើយ ប្រពន្ធគាត់បានយកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់ ទៅកប់ដាំនៅជាយរបង  មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក ។ ស្វាយនេះអ្នកស្រុក     នាំគ្នាហៅថា “ស្វាយអង្គរ” ព្រោះជាពូជស្វាយបានមកពីអង្គរ  ប៉ុនែ្ដតៗមកពាក្យ “អង្គរ ” ហៅកាត់ ខ្លីមកនៅត្រឹម “អង្គ” បានជាជាប់ពាក្យថា ស្វាយអង្គ ដល់សព្វថ្ងៃ ។ ក្រោយមកបុរសសំរិទ្ធ និងភរិយា ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់ ។ កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅ ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា «វត្ដស្វាយអង្គ» ដោយ​មានលោកគ្រូចៅអធិការមួយអង្គ ជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុសាមណេរ គង់នៅជាច្រើន ។ កន្លងមកទៀត ​ដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗ ទំនៅលើដើមស្វាយនោះផង នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូ​ចៅអធិការ បានឲ្យភិក្ខុសាមណេរ កាប់រលំដើមស្វាយនោះ តែដោយរិទ្ធីដើមស្វាយធំនោះ ភិក្ខុសាមណេរកាប់មួយថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់នៅថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្របជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូ ក៏ឲ្យភិក្ខុសាមណេរកាប់ទៀត ពីថ្ងៃទល់ល្ងាច តែទោះជាខំកាប់យ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញដុះសាច់ ដុះសំបកដើមដដែលទៀត ។ ថ្ងៃមួយបានឱ្យភិក្ខុសាមណេរជាច្រើនអង្គ ដោយមានពូថៅគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះ ឱ្យហើយស្រេចតែម្ដង ។ ដើមស្វាយ ទ្រំាមិនបាននឹងពូថៅច្រើនពេក​ក៏រលំ ប៉ុន្ដែស្លឹកវាមិនបានស្រពោនឡើយ បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កាដូចធម្មតា ។ នៅពេលយប់គេឮតែសូរស័ព្ទភ្លេងពិណពាទ្យ ប្រគំយ៉ាងលន្លង់លន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេង ។ ចំណែកភិក្ខុសាមណេរ កាលបើឃើញហេតុអស្ចារ្យ​ដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាង​វត្ដថ្មីទៀត​​នៅចម្ងាយប្រមាណជា ១គ.ម អំពីវត្ដស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃ គេឲ្យឈ្មោះថា វត្ដស្វាយផ្អែម វិញ ។ ប្រជាពលរដ្ឋបាននិទានតៗគ្នាអំពីព្រឹត្ដិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ​ ។

៣.២ អំពីការដាក់នាមទីកន្លែង និងវត្តអារាម មានពាក្យស្វាយ

តំណក្រោយមក អាស្រ័យដោយព្រឹត្តិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ ធ្វើឱ្យអ្នកស្រុក តែងមានជំនឿលើដើមស្វាយ និងមានអ្នកភូមិខ្លះ នាំគ្នាដាំដើមស្វាយលើភូមិថ្មី ឬទីដីទំនេរ ទើបបង្កើតបានភូមិថ្មី ហើយភូមិថ្មីទាំងនោះ តែងមានជាប់នាម «ស្វាយ» ដូចជា ភូមិស្វាយ ស្វាយរៀង ស្វាយជ្រំ ស្វាយទាប ស្វាយអង្គ ស្វាយតឿ ស្វាយចេក​ ស្វាយយា ស្វាយតាយាន ស្វាយរំពារ ព្រៃស្វាយ ស្វាយតាភ្ល ស្វាយមីង ស្វាយធំ ស្វាយក្ងោក ស្វាយផ្អែម ស្វាយព្រហូត ស្វាយដូនអី ស្វាយជម្រៅ ស្វាយគយ ស្វាយក្អែ ស្វាយកណ្ដាល ស្វាយគុយ ស្វាយអាណាត ស្វាយប៉ោ ស្វាយរូង ស្វាយរលំ ស្វាយជុំ ស្វាយទន្ទឹម ស្វាយបទុម ត្រពាំងស្វាយ អារក្សស្វាយ បុស្សស្វាយ និងអង្គស្វាយ ។

ម្យ៉ាងវិញទៀត តាមប្រវត្តិរឿងរ៉ាវខ្លះបានរៀបរាប់ថា មុនដំបូងទឹកដីខេត្តស្វាយរៀងសម្បូរទៅដោយ​ដើមឫស្សី និងដើមស្វាយព្រៃ មួយភាគគឺជាព្រៃគុបសម្បូរទៅដោយខ្លុង​ ឈើទាល គគីរ និងព្រៃប្រចាក់ ពុំសូវមានដើមឈើហូបផ្លែទេ  ។ តាមនិទានខ្លះដំណាលថា ក្រោយពីសង្រ្គាមមេទ័ព និងពលទាហានដែលឈរជើងនៅប្រាសាទព្រះនាងចូវ មហេសីព្រះបាទជ័យជេដ្ឋាទី២ បានដាំដើមស្វាយ ចំនួន៧ប្រភេទ ប្រជារាស្រ្តហៅថាស្វាយ៧ដើម គឺមានស្វាយក្បាលដំរី ស្វាយខ្ទិះ ស្វាយផ្អែម ស្វាយកែវមួង ស្វាយព្រៃ ស្វាយកែវយក្ស និងស្វាយព្រំសែន ។ ក្រោយមកកងទ័ព នាយទាហានបោះជំរំបន្ទាយ​នៅខេត្តស្វាយទាប ខេត្តរំដួល និងខេត្តរោងដំរី ក៏បេះផ្លែនោះមកបរិភោគ និងទុកគ្រាន់ធ្វើពូជយកដាំនៅទីតាំងបន្ទាយ និងខ្លះចូលនិវត្តន៍ទៅរស់នៅតាមភូមិកំណើតក៏យកពូជស្វាយទៅដាំរៀងៗខ្លួន ពិសេស​យកទៅដាំនៅទីទួលវត្តបុរាណ ទើបឈ្មោះភូមិ ឃុំ​ ស្រុក វត្តអារាម មានពាក្យ ស្វាយ ច្រើន ។ ជាក់ស្ដែង ឈ្មោះឃុំ មានចំនួន ៩ គឺ ឃុំស្វាយជ្រំ ឃុំស្វាយអង្គ ឃុំស្វាយយា ឃុំស្វាយរំពារ ឃុំស្វាយចេក ឃុំស្វាយតាយាន ឃុំស្វាយតឿ និងឃុំស្វាយរៀង ។ រីឯវត្តមាន១៥ និងវត្តទួលបុរាណ ចំនួន ១៦ គឺ វត្តស្វាយជ្រំ វត្តស្វាយផ្អែម វត្តស្វាយអង្គ វត្តស្វាយព្រហូត វត្តស្វាយធំ វត្តស្វាយយា វត្តស្វាយរំពារ វត្តស្វាយ (វត្តស្វាយ​មាន២វត្ត) វត្តស្វាយតាយាន វត្តស្វាយបុទុម វត្តស្វាយទន្ទឹម វត្តស្វាយជុំ វត្តស្វាយកណ្ដាល ទួលស្វាយអណ្ដើក ទួលស្វាយកន្ត្រៃ ទួលស្វាយពុំគ្រង ទួលស្វាយរ៉ាំ និងមានទួលវត្តចាស់ឈ្មោះស្វាយចំនួន ១១ ទៀត ។

រឿងរ៉ាវនេះហើយជាប្រភព ​នៃការយកឈ្មោះ ស្វាយ ជាគោលក្នុងការដាក់ ឈ្មោះ ភូមិ ស្រុកមួយចំនួន ។ អំឡុងពេលបារាំង​ធ្វើអាណាព្យាបាល ឆ្នាំ១៨៦៣ និងនៅឆ្នាំ១៨៨៧ គេបានបង្កើតប៉ុស្ដិ៍រដ្ឋបាលមួយស្ថិតនៅភូមិស្វាយរៀង    ទីប្រជុំជនខេត្ដបច្ចុប្បន្ន ដែលគេហៅថា ប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង សម្រាប់កំណែនពន្ធដារ និងកិច្ចការរដ្ឋបាល ។ នេះជាមូលដ្ឋានចម្បង នៃការបង្កើតឈ្មោះខេត្ដស្វាយរៀង ក្នុងអំឡុងពេលរៀបចំខេត្ដដំបូងនៅឆ្នាំ១៩២២ ។

Comments

Popular posts from this blog

ប្រវត្តិខេត្តក្រចេះ