ផ្នែកទី១ អំពីសាវតារខេត្ត ១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិច និងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូងទល់នឹងខេត្តតៃនីញនិងខេត្ដឡុងអាន ប្រទេសវៀតណាម ប្រមាណ ២៥៨ គ.ម ។ ប្រជាជនបច្ចុប្បន្នមាន ជាង៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០ គ.ម ២ ។ ប្រជាជនភាគច្រើន នៃខេត្ដនេះ មានមុខរបរដាំដំណាំស្រូវ ប្រជាជនជាទូទៅមាន សម្បុរសណ្ដែកបាយ ប្រើប្រាស់ភាសាខ្មែរ និងតាមតំបន់ព្រំដែនប្រើប្រាស់ភាសាកំឡាយខ្លះជាមួយភាសា វៀតណាម ។ ទម្លាប់នៃការប្រើប្រាស់ភាសាបញ្ជាក់ទម្ងន់ឃ្លា គេច្រើននិយាយ «មែនតើ មែនក៏អី អត់តេ ឬតេ….» ។ នេះជាពាក្យគ្រាមភាសា និយាយចំតួអក្សរ ច្បាស់ៗ កំបុតៗ ដែលអ្នកខេត្ដដទៃ ច្រើនលើកទៅនិយាយលេងសើច ឬចំអក ដល់អ្នកខេត្ដស្វាយរៀង ។ ការបរិភោគប្រចាំថ្ងៃ អ្នកក្រៅខេត្ដតែងនិយម ហៅប្រជាជនខេត្ដស្វាយរៀង ជាម្ចាស់នៃញាំភ្លា ផ្កាស្ដៅ ឬសម្លកកូរកណ្ដៀង រហូតមានភូមិមួយ អ្នកស្រុកហៅថា ភូមិកណ្ដៀងរាយ ។ ឥរិយាបទប្រជាជន និយម ចូលចិត្ដរាប់អានញាតិមិត្ដ ស្មោះត្រង់ មានចរិតក្លាហាននិងគោរពព្រះពុទ្ធសាសនាជាធំ ហេតុនេ...